Ads 468x60px

6/26/12

បុណ្យចូលឆ្នាំខ្មែរ

បុណ្យចូលឆ្នាំខ្មែរ

កាលដើមឡើយខ្មែរយើងប្រារព្ធធ្វើបុណ្យចូលឆ្នាំក្នុងខែមិគសិរ ព្រោះគេកំណត់យកខែ
នេះជាខែដើមឆ្នាំ ។ នាសម័យព្រេងនាយ ឆ្នាំនិមួយៗចែកជា៣រដូវ តាមធម្មតាគឺ ហេមន្តរដូវ
គិម្ហរដូវ និងវស្សានរដូវ ។ បូរាណាចារ្យលោកគិតខែហេមន្តរដូវជារដូវត្រជាក់ ត្រូវចាត់ទុកជា
រដូវដើមឆ្នាំ ។ ប្រៀបបាននិងពេលព្រឹកដែលផុតពីរាត្រីគឺជាដើមថ្ងៃ ។ គិម្ហរដូវ ជារដូវក្តៅ ត្រូវសន្មតទុកជាកណ្តាលឆ្នាំ ប្រៀបដូចជាពេលថ្ងៃត្រង់ ។ វស្សានរដូវជារដូវដែលមេឃមីរងងិតមានភ្លៀងផ្គរ ត្រូវទុកជាចុងឆ្នាំ ប្រៀបបាននឹងពេលព្រលប់ ។
ចំណេរកាលក្រោយមក គ្រាដែលបុព្វបុរសខ្មែរយើងអនុលោម ប្រើចុល្លសករាជ ជាសំខាន់នោះ (មិនដឹងជាប្រើនៅក្នុងរាជ្ជកាលណា នៃព្រះរាជអង្គណាទេ) ទើបការចូលឆ្នាំថ្មីមានការប្រែប្រួល ហើយកំណត់យកខែចែត្រជាដើមឆ្នាំវិញ ។ ឯថ្ងៃចូលឆ្នាំ តែងប្រព្រឹត្តទៅមិនមុនថ្ងៃ៤កើតខែចែត្រនិងមិនក្រោយថ្ងៃ៤កើតខែវិសាខ ព្រោះបុព្វបុរសយើងយល់ថា នៅខែមិគសិរ
នេះប្រជាកសិករខ្មែរយើងរវល់មមាញឹកក្នុងរបរកសិកម្ម មានស្រែចំការជាដើម ទើបលោកកំណត់ពេលចូលឆ្នាំមកធ្វើនៅខែចែត្រវិញ ដោយហេតុខែចែត្រកិច្ចការច្រូតកាត់ បោកបែនបានចប់សព្វគ្រប់ ហើយប្រជាពលរដ្ឋខ្មែរយើងទំនេរមានឪកាសធ្វើបុណ្យទាន កំសាន្តសប្បាយតាមប្រាថ្នា ។ ការកំណត់នេះ ក៏ជាប់ជាប្រពៃណីរហូតដល់សព្វថ្ងៃ ។

ទិដ្ឋភាពបុណ្យចូលឆ្នាំខ្មែរ :
បុណ្យចូលឆ្នាំខ្មែរជាព្រឹត្តិការណ៍យ៉ាងធំក្នុងទឹកចិត្តនិងជីវភាពខ្មែរ ។ មុនពេលចូលឆ្នាំថ្មីមកដល់គេនាំគ្នារៀបចំបោសសំអាត តុបតែងផ្ទះសម្បែង សំអាតទីធ្លាវត្តអារាម ផ្លូវថ្នល់ ចេតិយ រមណីយដ្ឋាន សង់រានទេវតា បុកអង្ករ រកអុស ដងទឹក ត្រៀមសំលៀកបំពាក់ថ្មីៗ
។ល។ ឲ្យហើយស្រេច ។ ពេលចូលឆ្នាំជាពេលជម្រះឧបទ្រពចង្រៃនៃឆ្នាំចាស់ឲ្យជ្រះស្រឡះ ដើម្បីទទួលឆ្នាំថ្មី ទេវតាថ្មី ក្នុងក្តីសោមនស្សក្សេមក្សាន្តនិងសុភមង្គល ។
ឆ្នាំថ្មីមកដល់ស្នូស្គររគាំង សំលេងធម៌ពរជ័យលាន់ឮរន្ទឺអឹងកងចេញពីវត្តអារាម និងពី
ភូមិករប្រជាជន (ព្រោះកន្លែងខ្លះវត្តឆ្ងាយគេរៀបចំតុបតែងកន្លែងមួយក្នុងភូមិរបស់គេ រួចនិមន្តព្រះសង្ឃមក) ភ្លើងទៀនឆេះព្រោងព្រៀត ផ្សែងធូបហុយចេញពីគ្រប់រានទេវតា តាមដងផ្លូវមុខផ្ទះសម្បែងវត្តអារាម។ ចាស់ទុំ ក្រមុំ កំលោះ ក្មេងក្មាងតូចធំ ប្រដាប់ដោយសំលៀកបំពាក់ស្អាតៗចេញមកទទួលទេវាតាឆ្នាំថ្មី។ ម្នាក់ៗមានទឹកមុខរីករាយស្រស់ស្រាយ រំភើបក្រៃលែង ។ ក្រមុំ កំលោះ ក្មេងៗសប្បាយ ក្អាកក្អាយជាងគេ ព្រោះជាឪកាសដ៏ពិសេសបំផុតសម្រាប់ពួកគេចូលឆ្នាំកំសាន្ត លេងល្បែងប្រជាប្រិយជាមួយគ្នាដោយគ្នានចាស់ទុំណាឃាត់ឃាំងអ្វីឡើយ ។
ពេលព្រលប់គេនាំគ្នាទៅស្តាប់ធម៌អាថ៌ ដើម្បីផ្គុំកុសលសម្រាប់ជីវិត ជាតិនេះនិងជាតិ
ខាងមុខ ។ រួយក៏មកប្រមូលផ្គុំគ្នា លេងល្បែងប្រជាប្រិយផ្សេងៗតាមចំណង់ ។ គេនាំគ្នាលេងល្បែង ចាប់កូនខ្លែង លាក់កន្សែង ក្រុងមាន់ ទាញព្រាត់ ទាត់ដូង ឬ ច្រៀងចំរៀងប្រពៃណី ឬលេងស្តេចចង់ ឈូង អង្គុញ លោតអន្ទាក់ រាំវង់។ល។ យ៉ាងសប្បាយរីករាយ ។ សប្បាយយ៉ាងដូចនោះមែន តែគេពុំភ្លេចត្រៀមរៀបចំចង្ហាន់ ទៅប្រគេនព្រះសង្ឃ បង្សុកូលឧទ្ទិសកុសលជូនបុព្វការីជន ញាតិសន្តាន ដែលបានចែកស្ថានទៅកាន់បរលោកហើយនោះទេ ។ គេនាំគ្នាជញ្ជូនដីដាក់វត្តពូនភ្នំខ្សាច់ រែកទឹកស្រងព្រះសង្ឃនិងចាស់ព្រឹទ្ធាចា្ររ្យ ។ ពេលត្រលប់ដល់ផ្ទះវិញគេអញ្ជើញមាតាបិតា ចាស់ទុំ មកផ្ងូតទឹកជូនសំលៀកបំពាក់ថ្មីៗ នំចំណីដើម្បីជាកិច្ចតបស្នងសងគុណចំពោះបុព្វការីរបស់គេជាទម្លាប់ ។ ដល់ថ្ងៃឆ្លងបុណ្យពិនិត្យឃើញតាមក្រោមម្លប់ឈើធំៗមានក្រសាលល្បែងប្រជាប្រិយផ្សេងៗ តាមចំណង់ចំណូលចិត្ត ។ គេនាំគ្នាទៅទស្សនាកំសាន្តប្រាសាទបូរាណ រមណីយដ្ឋាន គោរពបូជាវត្ថុសក្តិសិទ្ធ ភ្ជាប់បរិយាកាសរីករាយនេះទៅនឹងបរិយាកាសសម័យព្រេងនាយដ៏រុងរឿង ។ តាមតំបន់ខ្លះពេលចូលឆ្នាំម្តងៗ គេមិនមែនសប្បាយតែរយៈពេល៣ថ្ងៃបុណ្ណោះទេ គេចាប់លេងសប្បាយរបៀបនេះមុន និង ក្រោយប៉ុន្មានថ្ងៃចូលឆ្នាំទៀតផង ។ គេនាំគ្នាធ្វើបុណ្យកុសល ឲ្យអស់ចិត្ត សប្បាយឲ្យអស់ចិត្ត ដើម្បីអបអរសាទរចំពោះជីវិតថ្មីរបស់គេ ដែលបានហែលឆ្លងកាត់ឧបស័គ្គ ទទួលជោគជ័យក្នុងរយៈពេលឆ្នាំចាស់កន្លងទៅ និងដើម្បីត្រៀមចាំបំពេញភារកិច្ចថ្មី ត្រៀមចាំរដូវដកស្ទូង ត្រៀមចាំទឹកភ្លៀងនឹងបង្អុរចុះបនាដើមវស្សានរដូវនៃឆ្នាំថ្មីដ៏ខ្លីខាងមុខ ។

0 វិចារ:

Post a Comment