Ads 468x60px

6/26/12

បុណ្យចូលវស្សាឬកាន់វស្សា

បុណ្យចូលវស្សាឬកាន់វស្សា
បុណ្យកាន់វស្សា គឺជាបុណ្យមានមកតាមផ្លូវព្រះពុទ្ធសានា ដែលសាវ័កផ្នែកបព្វជិត តែងចូលវស្សាតាមពុទ្ធានុញ្ញាតអស់រយះពេល៣ខែ(មួយត្រៃមាស) ក្នុងវស្សានរដូវ ហើយត្រូវ
ចាំវស្សាដោយត្រឹមត្រូវ មិនឲ្យដាច់វស្សា បើធ្វើឲ្យដាច់វស្សាត្រូវទោសទុក្កដាបត្តិ ។ រីឯពុទ្ធបរិស័ទជាទាយកទាយិកា ឧបាសកឧបាសិកាវិញ ក៏នាំគ្នាប្រារព្វធ្វើបុណ្យកាន់វស្សានោះ ដែរ
ជាពិសេសគឹចាត់ចែងវស្សិកសាដក(សំពត់សម្រាប់ងូតទឹកភៀង) ដែលនិយមហៅថា សំពត់សាដកចំណាំវស្សា ព្រមទាំងប្រេងកាត ទៀន ធូប និងភេសជ្ជៈមួយចំនួនទៀតតាមលទ្ធភាព។
ក្នុងវិន័យបិដក មហាវគ្គភាគ៧ ត្រង់វស្សូបនាយិកក្ខន្ធកៈ លោកសំដែងថា ការចូលវស្សាមាន២យ៉ាងគឺ ទី១ ហៅថា បុរិមិកាវស្សា ការចូលវស្សាមុនដំបូង ចាប់ពីថ្ងៃ១រោចខែអាសាធ(បើឆ្នាំណាលើកខែអាសាធពីរដងនោះ ចូលវស្សានោះនៅថ្ងៃ១រោច ខែទុតិយាសាធ) តទៅអស់១ត្រៃមាស (៣ខែ) ទើបចេញវស្សា នៅថ្ងៃ១៥កើត ខែអាស្សុជ ។ ទី២ហៅថា បច្ឆិមិកាវស្សា ការចូលវស្សាលើកក្រោយ (គឺក្រោយថ្ងៃចូលវស្សាលើកដំបូងចំនួន១ខែ) គិតចាប់ពីថ្ងៃ ១រោចខែស្រាពណ៍ តទៅដល់ថ្ងៃ ១៥កើតខែកត្តឹកទើបត្រូវចេញវស្សា។ចូលលើកក្រោយនេះ ព្រះពុទ្ធអង្គទ្រង់អនុញ្ញាតិដល់សាវ័ក ក្រែងមានកិច្ចរវល់ប្រការណាមួយ ដែលពុំអាចចូលវស្សាទី១ ឲ្យចូលវស្សាទី២បាន ។ ប៉ុន្តែទោះបី ការចូលវស្សាទី១ក្តីទី២ក្តីយើង
មិនបានអធិប្បាយក្នុងទីនេះទេ ។ យើងនឹងបើកទំព័រនេះ តែអំពីពិធីចូលវស្សាតែប៉ុណ្ណោះ ។
ពិធីចូលវស្សារបស់បព្វជិត :
នៅថ្ងៃ ១៥កើតខែអាសាធ ជាថ្ងៃបណ្ណរសិកុបោសថរបស់ភិក្ខុសង្ឃ ។ ពេលធ្វើឧបោសថចប់ហើយភិក្ខុសង្ឃទាំងឡាយ គប្បីនិយាយគ្នា (គួរហៅសាមណេរចូលរួម ស្តាប់ផងជាការល្អ) គឺលោគ្រូចៅអាវាស ត្រូវរំលឹកអំពីថ្ងៃចូលវស្សា ស្អែកជាថ្ងៃ ១រោធខែអាសាធ ប្រាប់ឲ្យភិក្ខុសាមណេររៀនបាលីអំពីចូលវស្សា ឲ្យឯកភាពគ្នា ប្រាប់ពេលវេលាតើពេលណាត្រូវជួបជុំគ្នាក្នុងព្រះវិហារ (ឧបោសថាគារ) សំខាន់ស្រោចស្រង់ដុសសំអាតព្រះពុទ្ធរូប ព្រមទាំងត្រៀមរៀបចំ អាសន: ឲ្យបានសមរម្យសំរាប់ធ្វើកិច្ចចូលវស្សាផង។ ឯពេលចូលវស្សាភាគច្រើននិយមពេលល្ងាច ថ្ងៃ១រោចតែម្តង ។
ភិក្ខុសាមណេរដែលត្រូវចូលវស្សានេះ សុទ្ធតែមានស្មារតីភ្ញាក់រលឹក ត្រៀមលក្ខណ:រួចជាស្រេចគឺ:
-ការបោកគក់ជ្រលក់ហាល ស្បង់ស្បៃត្រៃចីវរ ពីថ្ងៃមុនឲ្យហើយ (ពីរបីថ្ងៃ) មុនការងារត្រូវធើ្វក្នុងថ្ងៃចូលវស្សា ។
-មិនគួរដើរហើរចេញដំណើរទៅណាធា្ងយៗ (បើបានជាចេញទៅ) ក៏ត្រូវតែត្រលប់មកឲ្យទាន់ថ្ងៃ ១៥កើត ខែអាសាធនេះ ព្រោះថ្ងៃនោះត្រូវសង្ឃធ្វើឧបោសថ ប្រជុំអំពីបញ្ហាចូលវស្សាផងត្រូវជាថ្ងៃដែលឧបាសក­សិកា ចំណុះជើងវត្ត គេត្រូវធ្វើបុណ្យកាន់វស្សាគឺប្រគេនបច្ច័យ ទេយ្យវត្ថុចំរើនបរិត្តផង ដើម្បីអបអរសាទរប្តេជ្ញាចិត្តទំនុកបំរុងព្រះសង្ឃដែលគង់ចាំវស្សានោះ ។ ព្រះអង្គជា បដិគ្គាហកៈ គប្បីនៅជួបជុំ សំដែងសេចក្តីត្រេកអរចំពោះសទ្ធាចិត្តរបស់ទាយកទាយិកាវិញ ជាការគួរណាស់។ នៅថ្ងៃចូលវស្សា ក្រោយពីឆាន់យាគូហើយ គប្បីធ្វើការដែលសង្ឃប្រគល់ឲ្យពីម្សិលទាំងភិក្ខុទាំងសមណេរ។ នៅពេលរសៀលគប្បីរៀបចំក្រាលអាសនៈក្នុងព្រះវិហារ ដែលបានសំអាតរួចពីព្រឹក ហើយនោះនឹងតំកល់ទឹកប្រើប្រាស់ នឹងឆាន់ ព្រមទាំងមានគ្រឿងសក្ការបូជា (ទៀនធូបផ្កាភ្ញី) ជាដើមផង ។ ដល់ពេលវេលាបានកំណត់ (ជួងឬស្គរបន្លឺជាសញ្ញា) ភិក្ខុសាមណេរគ្រប់អង្គ ស្លៀកស្បង់ចីពរ សង្ឃាដី ក្រវាត់វត្ថពន្ធ ជាបរិមណ្ឌលដ៏សមរម្យនិបន្តចូលព្រះវិហារ ពួកភិក្ខុសង្ឃគប្បីសំដែងអាបតិ្តចេញ ។ ទាំងភិក្ខុទាំងសាមណេរ ធ្វើកិច្ច វន្ទា ខមាទោស ចំពោះព្រះសម្មាសម្ពុទ្ធ រួចបន្តនមសក្ការថ្វាយបង្គំ ។ លុះចប់កិច្ចនមសក្ការហើយ ក្រុមភិក្ខសូត្របាលីចូលវស្សា គឺ អង្គុយច្រហោង ផ្គងអញ្ជលីប្រណម្យសូត្រព្រមៗគ្នាថាៈ
-នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពទ្ធស្ស (៣ចប់)
-ឧកាស ឥមស្មឹ អាវាសេ ឥមំ តេមាសំ វស្សំ ឧបេមិ (៣ចប់) ។
បន្ទាប់មកក្រុមភិក្ខុ សំរួលឥរិយាបថទៅម្ខាង ហើយក្រុមសាមណេរសូត្របាលីចូលវស្សាម្តង (បើវត្តនោះមានសាមណេរដែរ) ។ មុននឹងសូត្រក្រុមសាមណេរ ត្រូវចូលវន្ទាខមាទោសលោកចៅអាវាស និងសូត្រសុំនិស្ស័យអំពីលោក ដែលជាកិច្ចវត្តដ៏ល្អរបស់បុព្វជិត ទោះបីសាមណេរចូលមកស្នាក់អាស្រ័យក្តី ឬលោកដែលបួសក្នុងវត្តក្តី គឺៈ
-វន្ទាមិ ភន្តេ សព្វំ អបរាធំ ខមថ មេ ភន្តេ ។ល។ ឧកាស ខមាមិ ភន្តេ......។ល។
-ឧកាស ការុញ្ញំ កត្វា និស្សយំ ទេថ មេ ភន្តេ អហំ ភន្តេ និស្សយំ យាចាមិ(ទុតិ.តតិយម្បិ) រួចហើយ សឹមសូត្របាលីចូលវស្សានៅចំពោះព្រះភក្រ្តលោកគ្រូចៅអធិការវត្តម្តងដោយសូត្រ ព្រមៗគា្ន ដូចក្រុមភិក្ខុសូត្រខាងដើម ។
ពេលសូត្រចប់ហើយក្រុមសាមណេរ ថយក្រោយមកសំរួលឥរិយាបថតាមកន្លែងសមគួរ ហើយលោកគ្រូចៅអាវាស (ឬលោកប្រគល់ឲ្យភិក្ខឈ្លាសប្រតិពលអង្គណាមួយក៏បាន) ប្រកាសបា្រប់អំពីសីមាវត្តកំណត់ទី មិនឲ្យនៅក្រៅអាវាស បណ្តោយឲ្យអរុណរៈទាន់ ចាប់តាំងពីព្រឹកនេះទៅ ។
ណែនាំអំពីការចាំវស្សា ឲ្យបានត្រឹមត្រូវ មិនឲ្យដាច់ ត្រូវមកជួបគ្នាសូត្រធម៌ថ្វាយបង្គំ (សូត្រវេន) រាល់ល្ងាចម៉ោងប៉ុណ្ណេះ ពេលព្រឹកម៉ោងប៉ុណ្ណោះ ជារៀងរាល់ពេលឲ្យបានគ្រប់អង្គអស់រយៈពេល ៣ខែនេះ ពិសេសអំពីការរស់នៅក្នុងអារាមនិងការខិតខំសិក្សារៀនសូត្រ ។
ពិធីបុណ្យកាន់វស្សារបស់ពុទ្ធបរិស័ទជាឧបាសក ឧបាសិកា
យើងដឹងហើយថា ថ្ងៃ១រោចខែអាសាធ ជាទិវាត្រូវចូលវស្សារបស់បព្វជិត ពុទ្ធសាសនាទាំងភិក្ខុទាំងសាមណេរ ជាការចាំបាច់តាមពុទ្ធានុញ្ញាត ។ រីឯទាយកទាយិកា ឧបាសក­សិកា ជាពុទ្ធសាសនិក ចំណុះជើងវត្តនិមួយៗ ក្រោមការដឹកនាំរបស់លោកអាចារ្យវត្តក៏ប្រារព្ធធ្វើបុណ្យចូលវស្សាឬកាន់វស្សាផងដែរ តែធ្វើនៅថ្ងៃ ១៥កើតខែអាសាធ មុនព្រះសង្ឃចូលវស្សា ១ថ្ងៃ ។ សេចក្តីថា កន្លះខែមុនថ្ងៃចូលវស្សា ឬថារាល់ថ្ងៃឧបោសថសីល (ថ្ងៃខែដាច់ ខែជេស្ឋ ឬ ថ្ងៃ៨កើត ខែអាសាធ) លោកអាចារ្យតែងប្រកូកប្រកាសជំរាបពុទ្ធបរិស័ទឲ្យដឹងជាមុន អំពីថ្ងៃចូលវស្សាខាងមុខ (ប្រជុំភាក្សាឯកភាពក្នុងជួរអាចារ្យ គណៈកម្មការវត្ត ចាស់ ព្រឹទ្ធាចារ្យ) ឲ្យពុទ្ធបរិស័ទត្រៀមលក្ខណៈប្រុងរៀបចំ ចតុប្បច័្ចយ ទេយ្យវត្ថុ មានសាដក ទៀន ធូប ប្រេងចំណាំវស្សា...................ជាដើមសំរាប់ទំនុកបំរុងព្រះសង្ឃ ដែលគង់ចាំវស្សាក្នុងវត្តនិងជំរាប់ពុទ្ធបរិស័ទមកជួបជុំគ្នានៅថ្ងៃទី១៥កើតខែអាសាធ ដោយនាំមកនូវ ទេយ្យវត្ថុផង ។ អាចារ្យ វត្តកន្លែងខ្លះមានឲ្យលិខិតដែលកំណត់ទេយ្យវត្ថុអ្វីខ្លះក្នុងមួយកញ្ចប់និងប្រាក់សង្កត់លើទេយ្យវត្ថុនោះ ចាត់ចែងស្វែងរកទៀនធំៗ ហៅថា ៖ទៀនចំណាំវស្សា (បើពុំមានអ្នកមានសទ្ធាណាបូជាទេ) ទៀនធំមួយគូនេះ សំរាប់ដុតចាប់ផ្តើមពីថ្ងៃ១រោចខែអាសាធ ជាថ្ងៃចូលវស្សាមិនបន្លត់ដល់ថ្ងៃ ចេញវស្សា (៣ខែ) ។ នៅថ្ងៃ ១៥កើតខែអាសាធក្រោយពីសមាទានឧបោសថសីលរួចហើយ លោកអាចារ្យប្រកាសឲ្យពុទ្ធបរិស័ទយករណ្តាប់រណ្តា រៀងៗខ្លួន ចូលបុណ្យដែលត្រូវជួបជុំគ្នានៅម៉ោង២រសៀល ដើម្បីធ្វើពិធីសូត្រ មន្តចូលវស្សា ។
នៅពេលរសៀល ពុទ្ធបរិស័ទមកជួបជុំគា្ន រួមទាំងកញ្ចប់ទេយ្យវត្ថុផង ក៏ធ្វើពិធីហែលសាដកចំណាំវស្សានេះ ពីឧបដ្ឋានសាលាទៅព្រះវិហារដោយនិមន្តព្រះសង្ឃគ្រប់អង្គក្នុងវត្ត ទៅតែម្តង។ ពិធីចាប់ផ្តើមនមស្ការព្រះរតនត្រៃ សមាទានសីល ហើយអារាធនាព្រះសង្ឃចំរើនព្រះបរិត្ត ។ ចប់ពុទ្ធមន្ត ហើយលោកអាចារ្យប្រកូកប្រកាស អំពីថ្ងៃចូលវស្សា ។ (អំពីការចូលវស្សារបស់ទាយកទាយិកានេះ មិនមែនជាពុទ្ធប្បញ្ញតិ្តទេ គឺជាចេតនាកម្មធ្វើដោយសោមនស្សវេទនា ញាណសម្បយុត្ត ។

0 វិចារ:

Post a Comment