តាមការពិត ជំនឿមានឧបមាដូចជាគ្រឿងអលង្ការតុបតែងលម្អចិត្ត ដើម្បីឲ្យមានសោភណភាពឬទំនុកចិត្ត បា្រកដជាអ្វីមួយ។ ម្យ៉ាងទៀត ជំនឿគឺជាសហជាតិវត្ថុដែលកើតរលត់ជាមួយគ្នានឹងចិត្ត។ តាមបរមត្ថ ជំនឿនេះលោកចាត់ទុកដូចជាលេខាជំនិតរបស់ចិត្តហៅថាចេតសិក (Mentalconcomitant) ។ ចេតសិកនេះ មិនអាចកើតឡើងដោយគ្មានវត្តមានៃចិត្តបានឡើយ។ ប៉ុនែ្តជំនឿជាតួចេតសិតនេះមានពីរប្រភេទគឺជំនឿក្នុងផ្លូវខុសនិងជំនឿក្នុងផ្លូវត្រូវ ឬថាជាកុសលនិងអកុសលចេតសិកវិញក៏បាន។
ជំនឿនេះ មានឥទ្ធិពលយ៉ាងខ្លាំងអាចញុំាងឱ្យមនុស្សសម្រេចបំណងបានទាំងទង្វើល្អនិងអាក្រក់។ កាលណាបើគេគ្មានជំនឿទុកចិត្តទេ ការងារគ្រប់សារពើក៏មិនអាចនឹងងាយសម្រេចបានឡើយ ព្រោះបើអត់ជំនឿជំនួយឱបស្ទបចិត្តហើយការប្រឹងប្រែងដើម្បីបំពេញការងារនោះៗក៏បា្រកដជាមិនសូវមានប្រសិទ្ធិភាពដែរ ។ បើសិនជាធ្វើវិញក៏ប្រហែលជាមកពីមានគេលួងលោមបង្ខំឬគំរាមឱ្យធើ្វដែរចំណែកទង្វើនោះទៀតសោតក៏គ្រាន់តែជាយ៉ៗលំៗឱ្យរួចតែពីដៃជើងប៉ុណ្ណោះ។
មនុស្សម្នាក់ៗតែងតែមានជំនឿនេះ បើមិនជឿលើបរិស្ថានខាងក្រៅទេ យ៉ាងហោចណាស់ក៏ជឿលើខ្លួនឯងដែរ។ ដូចកសិករខិតខំប្រកបការងារស្រែចម្ការ ព្រោះគេជឿថានឹងទទួលបានផ្កាផ្លែពីនោះសម្រាប់ក្រុមគ្រួសារគេ។ ដូច្នេះជំនឿនេះមានសារះសំខាន់ណាស់ ក្នុងការញុំាងទឹកចិត្តឱ្យហានក្លាស៊ុបទៅក្នុងអ្វីមួយរួមទាំងខ្លួនឯងនិងអ្នកដទៃ ប៉ុន្តែជំនឿនេះតោងផ្សារភ្ជាប់ជាមួយនឹងប្រាជ្ញាផង ទើបអាចជួយកែតម្រង់ជំនឿទឹកចិត្តដែលបញ្ជាកាយវាចារបស់ខ្លួនឱ្យស្ថិតនៅក្នុងសេចក្តីល្អ គុណធម៌និងចាត់ទុកថាជាជំនឿប្រកបដោយគតិបណ្ឌិត។
ជំនឿប្រកបដោយប្រាជ្ញានិងការពិចារណារកហេតុផលស្គាល់ច្បាស់ពីអាក្រក់ល្អ គួរនិងមិនគួរត្រឹមត្រូវហើយ ទើបដាក់ចិត្តជឿតាមនោះហៅថាជំនឿប្រកបដោយគតិបណ្ឌិត។ ព្រះសម្ពុទ្ធបានបញ្ជាក់ថាជំនឿនិងបា្រជ្ញា ត្រូវតែមានតុល្យភាពនឹងគ្នា។ សទ្ធាប្រែថា “ជំនឿ” បើយើងជឿលើអ្វីមួយដោយប្រាសចាកវិចារណញ្ញាណ ដើម្បីត្រិរិះរកហេតុផលឱ្យបានច្បាស់លាស់នោះ វានឹងនាំឱ្យខ្លួនយើងធ្លាក់ចូលទៅក្នុងជំនឿបែបងងឹតងល់ឥតសមហេតុផល ជាចុងក្រោយគឺគ្មានប្រយោជន៍អ្វីទាំងអស់។
មនុស្សខ្លះ មានទឹកចិត្តពោរពេញទៅដោយសទ្ធាជ្រះថ្លានេះយ៉ាងក្រៃលែងចំពោះអ្វីមួយ ប៉ុនែ្តគ្មានបញ្ញាទុកជាគ្រឿងវិនិច្ឆ័យផ្សំផងទេ។ ដូចេ្នះសទ្ធានោះចាត់ទុកថាជាការមិនរឹងមាំខ្សោយ ងាយនឹងរេទៅតាមអំណាចនៃការអូសទាញនិងបោកប្រាស់។ ក្នុងស្រុកខែ្មរយើង គេឧស្សាហ៍ឃើញមានមង្គលភ្ញាក់ផើ្អល ធម្មិកតាំងខ្លួនចេញពីរន្ធក្រហែងភ្នំឬដំបូកមកអួតអាងផ្សាយប្រាប់គេឯងថាចេះជប់នេះជប់នោះជាដើម មិនស្គាល់ឧត្តរិមនុស្សធម្ម។ នៅពេលដែលបានឮ បានឃើញហេតុបែបនេះហើយជឿស្លុងមិនព្រមគតិនោះ ចាត់ទុកជាសទ្ធាងងឹតងល់។ លុះតែអស់ខោខ្លីមាសប្រាក់គោក្របីរទេះសាលី ដូចមានជាហូរហែកន្លងមកហើយ ទើបដឹងថាគេបោកប្រាស់។ បន្ទាប់មកគេក៏បែរជាមានវិប្បដិសារីរាងចាលឬ អាចថមថយជំនឿទុកចិត្តរបស់ខ្លួនទាំងស្រុង ក៏តិះដៀលរិះគន់ដល់ពុទ្ធសាសនាទាំងមូលថាមិនល្អយ៉ាងនេះជាដើមក៏មាន។ ទាំងនេះគឺបណ្តាលមកពីទម្ងន់នៃធាតុទាំងពីរគឺសទ្ធានិងបញ្ញានេះមិនមានសើ្មរគ្នា។ ម្យ៉ាងវិញទៀត បើមានតែប្រាជ្ញាការចេះដឹងកម្រិតប៉ុណ្ណាក៏ដោយចុះ ប៉ុន្តែបើគ្មានសទ្ធាឬជំនឿនេះឱបស្ទបជាមួយនឹងការចេះដឹងរបស់ខ្លួនផងទេ វាក៏នឹងអាចឲ្យបុគ្គលនេះងាករេទៅរកភាពមិនស្មោះត្រង់ ការមិនទុកចិត្តគ្នា ជាពិសេសគឺគ្រោះថ្នាក់ផ្សេងៗអាចកើតឡើងព្រោះតែមិនមានជំនឿនេះ ដូចជាការមិនជឿចំពោះអំណាចផលនៃទង្វើល្អអាក្រក់ជាដើម។ ជាក់ស្តែងដូចជាមេដឹកនាំក្នុងរបបប៉ុលពត (១៩៧៥ ១៩៧៩) យើងឃើញថាអ្នកដឹកនាំនៅក្នុងសម័យនោះ មានកម្រិតវប្បធម៌មិនអន់ប៉ុន្មានដែរ។ ប៉ុន្តែគេមិនមានជំនឿលើតមៃ្លគុណធម៌បុណ្យបាប គុណទោសអ្វីទាំងអស់ ជាហេតុនាំឲ្យជោគវាសនាខ្លួននិងប្រទេសជាតិទាំងមូល ធ្លាក់ចូលទៅក្នុងមហាសោកនាដកម្ម មហាអសីលធម៌ មហាលោតផ្លោះនិងសែនឃោឃៅមិនសមឋានៈជាប្រទេស ដែលធ្លាប់តែល្បីថាគោរពកាន់ពុទ្ធសាសនានោះឡើយ។ បែបនេះមានន័យថាការចេះដឹងនោះមានហើយតែនៅខ្វះជំនឿគឺសទ្ធាទុកជាគ្រឿងឱបស្ទប ជាគ្រឿងអលង្ការសម្រាប់ជួយតាក់តែងចិត្ត ដែលបានចេះដឹងហើយនោះឲ្យស្ថិតនៅក្នុងលម្អសោភណភាពនៃគុណធម៌ សេចក្តីសនោ្តសចំពោះខ្លួនឯងនិងអ្នកដទៃ។
0 វិចារ:
Post a Comment